ព័ត៌មាន & ព្រឹត្តិការណ៍

សៀ រិទ្ធី៖ សេវា​ហាងបញ្ចាំ​ងាយស្រួល​ជាង​ធនាគារ


ភ្នំពេញៈ​អាជីវកម្មបញ្ចាំស្របច្បាប់កំពុងមាន​ការវិវត្តគួរឲ្យកត់​សម្គាល់ តាំងពីក្រសួង​សេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​អនុញ្ញាតឲ្យ​ដំណើរការដោយ​ស្របច្បាប់​ចាប់តាំងពី ឆ្នាំ២០០៩។
Cash U Up ជា​ហាង​បញ្ចាំមួយ​ដែលទទួល​បាន​អាជ្ញាប័ណ្ណ ពីក្រសួងសេដ្ឋកិច្ច និង​ហរិញ្ញវត្ថុ​តាំងពី ឆ្នាំ២០១០ ជាមួយ​ទុនវិនិយោគ ២,៥ លានដុល្លារកំពុងមានគម្រោងពង្រីកសាខាបន្ថែមដើម្បីឆ្លើយតបតាម កំណើនអតិថិជន។
លោក សៀ រិទ្ធី ប្រធានក្រុមហ៊ុនបញ្ចាំ Cash U Up ក្នុងបទសម្ភាសជាមួយ ភ្នំពេញ ប៉ុស្តិ៍ បង្ហាញពីការវិវត្តនៅក្នុងអាជីវកម្មប្រភេទនេះ។
តើ Cash U Up ត្រូវបានបង្កើតឡើងក្នុងគោលបំណងអ្វី?
Cash U Up ត្រូវបានបង្កើតឡើងនៅ ឆ្នាំ២០១០ ពេលនោះ ប្រព័ន្ធធនាគារ និងហរិញ្ញវត្ថុ មានការលំបាកសម្រាប់អតិថិជនដែលចង់បានប្រាក់កម្ចីលឿនរហ័ស។ គាត់ត្រូវតែមករកកន្លែងបញ្ចាំគឺស្រួល ចំណាយពេលមិនលើស ៥ នាទីទេ គាត់នឹងបានលុយ។ គាត់គ្រាន់តែមានទ្រព្យយកមកដាក់ ហើយទ្រព្យទាំងនោះអាចមានដូចជាគ្រឿងអលង្ការ ឡាន និងម៉ូតូរបស់គាត់ ជាដីធ្លីតិចតួច ដែលមិនឲ្យលើសពី ៥០០០ ដុល្លារ។ វាសម្រួលដល់អតិថិជនដែលគាត់ត្រូវការកម្ចីបន្ទាន់ដែលធនាគារមិន អាចផ្តល់ឲ្យបាន។
តើប្រតិបត្តិការរបស់ Cash U Up មានដំណើរការយ៉ាងណាដែរ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ?
យើងមានកំណើនច្រើនសម្រាប់ Cash U Up រហូតដល់ពេលនេះយើងមានសាខា ២ នៅភ្នំពេញ ១ នៅ ខេត្តព្រះសីហនុ ១ នៅ ខេត្តសៀមរាប និង ២ នៅ បន្ទាយមានជ័យ។ យើងគ្រោងបង្កើត ៣ ថែមទៀតនៅ ភ្នំពេញ។ ក្នុង ១ សាខា យើងត្រូវការទុនវិនិយោគពី ១ ទៅ ២,៥ លានដែលការសាងសង់សាខាបន្ថែមគឺជាការវិនិយោគពីប្រាក់ចំណេញ និងទុនវិនិយោគ។ ទុនសរុបនៃការវិនិយោគសរុបរបស់ Cash U Up ពេលនេះឡើងដល់ខ្ទង់ ១០ លានដុល្លារហើយ ហើយប្រាក់ចំណេញរបស់យើងកើនក្នុងមួយឆ្នាំពី ១៥ ទៅ ២០ ភាគរយ។
ការចូលទីផ្សារដំបូងជួបបញ្ហាប្រឈមអ្វីខ្លះ?
អ្នកដែល​មករក​សេវា​បញ្ចាំ​របស់យើង​គឺ​ភាគច្រើន​ជា​ជនជាតិខ្មែរ និង​ធ្វើ​អាជីវកម្ម​តិចតួច ដែលគាត់​ខ្វះដើមទុន​បង្វិលភ្លាមៗ។ ការពិតទៅ​ពាក្យថា កន្លែងបញ្ចាំ ឬហាងបញ្ចាំ​នៅស្រុកខ្មែរ​គឺ នៅក្មេងខ្ចីណាស់។ កន្លែងបញ្ចាំនេះ​មានកំណើត​តាំងពី​ ២៥០០ ឆ្នាំ​មុននៅឯ ប្រទេសចិន មកម៉្លេះ។ បន្ទាប់មក​គេអភិវឌ្ឍ​គ្រប់ប្រទេស​តែ កម្ពុជា យើង​ទើបតែ​ចាប់ផ្តើម​មិនលើស​ពី ៦ ឆ្នាំផង។ ខ្មែរយើង​នៅពេល​ដែលគាត់​ចូលទៅ​ហាងបញ្ចាំ​គាត់មាន​ភាពអៀនខ្មាស​ច្រើន តែ​បើគាត់​ចូលទៅ​ធនាគារ​គាត់​មាន​មោទនភាព។ ពេលដែល​ចាប់ផ្តើម​ដំបូង បញ្ហា​គឺចំណុចហ្នឹង។ ប្រសិនបើ​គាត់​ចង់ចូល គាត់​ទូរស័ព្ទ​មកយើង សុំចូល​ផ្លូវក្រោយ។ ពេលខ្លះ​សុំជួប​ខាងក្រៅ មិនហ៊ាន​ចូលហាងបញ្ចាំទេ ព្រោះគាត់​ខ្មាសគេ។ យើង​បានព្យាយាម​រៀបចំ​កន្លែងបញ្ចាំ​របស់យើង​ឲ្យដូចជា​ធនាគារ។ ឥឡូវនេះ យើង​ឃើញមាន​ការកែប្រែខ្លះៗហើយ។
តើបច្ចុប្បន្នហាងបញ្ចាំមានអាជ្ញាប័ណ្ណមានប៉ុន្មាន និងមិនមានអាជ្ញាប័ណ្ណមានប៉ុន្មាន? ហាងបញ្ចាំដែលមានអាជ្ញាប័ណ្ណ និងហាងបញ្ចាំលួចលាក់ខុសគ្នាយ៉ាងណា?
តាមដែលខ្ញុំដឹងហាងបញ្ចាំធំៗមាន អាជ្ញាប័ណ្ណប្រភេទខ្ពស់ មានមិនលើសពី ៦ ទេ។ ហាងបញ្ចាំមានអាជ្ញាប័ណ្ណខុសៗគ្នា តែហាងបញ្ចាំដែលមានអាជ្ញាប័ណ្ណតូចៗមានច្រើន។ ហាងបញ្ចាំមានអាជ្ញាប័ណ្ណ យើងអនុវត្តតាមច្បាប់របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ យើងមិនធ្វើអ្វីដែលខុសអំពីច្បាប់ទេ។ វត្ថុដែលយើងទទួលបញ្ចាំគឺទ្រព្យដែលមិនជាប់ពាក់ព័ន្ធនឹងចោរកម្ម ព្រោះទ្រព្យដែលមិនមានឯកសារគ្រប់គ្រាន់គឺយើងមិនទទួលទេ។ ដាច់ខាតត្រូវតែមានឯកសារបញ្ជាក់គ្រប់គ្រាន់។ ចំពោះគ្រឿងអលង្ការ យើងមិនមានលិខិតបញ្ជាក់ថា ជាទ្រព្យរបស់នរណាទេ តែយើងពិនិត្យមើលអ្នកដែលយកមកបញ្ចាំថា តើគាត់មានអត្តសញ្ញាណត្រឹមត្រូវ មានលំនៅត្រឹមត្រូវទើបយើងទទួល ព្រោះយើងមិនអាចកំណត់បានទេ។ យើងមានរបាយការណ៍ជូនទៅអាជ្ញាធរថា តើក្នុងមួយខែៗ យើងទទួលទ្រព្យបញ្ចាំអ្វីខ្លះ។
ចំពោះហាងបញ្ចាំអត់អាជ្ញាប័ណ្ណ គាត់ទទួលទាំងអស់ ទាំងទ្រព្យដែលមិនមានឯកសារគ្រប់គ្រាន់ ក៏គាត់ទទួលយកដែរ។ អត្រាការប្រាក់គាត់ក៏ថ្លៃ ហានិភ័យក៏ខ្ពស់ដែរ សម្រាប់អ្នកបញ្ចាំ និងអ្នកទទួលបញ្ចាំ។ យើងធ្លាប់បានឮហើយថា នៅពេលដែល​អាជ្ញាធរ​ចុះទៅ​រឹបអូស​នោះ​គឺភាគច្រើន​ជា​ហាងបញ្ចាំ​ដែល មិនមាន​អាជ្ញាប័ណ្ណ​នោះហើយ។

បុគ្គលិកកំពុងធ្វើការនៅហាងបញ្ចាំ Cash U Up ដែលមានទីតាំងនៅភ្នំពេញ។ ហេង ជីវ័ន
តើ​ហាងបញ្ចាំ​មានអាជ្ញាប័ណ្ណ​បាននិង​កំពុង​ចូលរួម​ចំណែក​យ៉ាងណា​ក្នុងវិស័យ​ហរិញ្ញវត្ថុ?
ហាងបញ្ចាំ​មានអាជ្ញាប័ណ្ណ​គឺបានជួយ​ច្រើន​ក្នុងវិស័យ​ហរិញ្ញវត្ថុ យើង​​ឃើញមាន​​ធនាគារ​ពាណិជ្ជ គ្រឹះស្ថាន​​មីក្រូហរិញ្ញវត្ថុ ច្រើន ប៉ុន្តែ​​ស្ថាប័នមួយៗ​​មាន​ការផ្តល់​​កម្ចី​​ខុសគ្នា ត្រូវចំណាយ​​ពេលយូរ។ សម្រាប់​​ហាងបញ្ចាំ យើង​​ផ្តល់​កម្ចី​​ឲ្យគាត់​ភ្លាមៗឲ្យតែ​គាត់​​មានទ្រព្យ​​ដាក់បញ្ចាំ មិនសួរនាំ​​គាត់ថា គាត់​មាន​ចំណូល​​ឬមិនមាន​​ចំណូល​ទេ។ វាបង្ក​ភាពងាយស្រួល​ដល់​ពួកគាត់​ជាអាជីវកម្ម ឬអ្នក​រកស៊ីតូចតាច​ដែលត្រូវការ​ប្រាក់បង្វិល​ក្នុងការរកស៊ី​គាត់ ភ្លាមៗដែរ។
ចុះលក្ខខណ្ឌក្នុងការទទួលបញ្ចាំ និងលទ្ធភាពផ្តល់ប្រាក់បញ្ចាំវិញយ៉ាងម៉េចដែរ?
ជាទូទៅយើងឲ្យសម្រាប់គ្រឿងអលង្ការពី ៧០ ទៅ ៨៥ ភាគរយនៃតម្លៃទ្រព្យរបស់គាត់ដែលយើងបានវាយតម្លៃ។ តែសម្រាប់ម៉ូតូ ឬក៏ឡាន យើងផ្តល់ត្រឹម ៦០ ទៅ ៦៥ ភាគរយប៉ុណ្ណោះ។ ការបញ្ចាំនោះ យើងទុកពេលឲ្យគាត់ត្រឹមតែរយៈពេល ៤ ខែទេ រីឯការប្រាក់មានពី ១ ទៅ ៥ ភាគរយ។ យើងទទួលបញ្ចាំប្លង់ដីដែរ តែតម្លៃបញ្ចាំយើងមិនអាចឲ្យអតិថិជនលើសពី ៥០០០ ដុល្លារបានទេ។
តើលោកធ្វើយ៉ាងណាដើម្បីគ្រប់គ្រងហានិភ័យនេះ?
អាជីវកម្មនេះមានហានិភ័យច្រើន ដូចជា ពួកជនខិលខូចកែឯកសារ បន្លំឯកសារឡាន និងម៉ូតូបាន មាសនិងពេជ្រមិនពិត ហើយ​ក៏មាន​ករណី​ដែល​អតិថិជន​មិនមាន​លទ្ធភាព​មកលោះ​ទ្រព្យបញ្ចាំ​ពីយើង វិញដែរ។ យើង​គ្រប់គ្រង​ហានិភ័យ​ដែល​កើតឡើង​ពីការខាតបង់​ទ្រព្យបញ្ចាំ​បាន ព្រោះ​ទីមួយ​ការឲ្យបញ្ចាំ​ក្រោមតម្លៃ ហើយ​រយៈពេល​ឲ្យខ្ចី​ក៏ខ្លីដែរ។ ជាគោលការណ៍របស់ក្រុមហ៊ុនយើងមិនចង់បាននូវទ្រព្យបញ្ចាំរបស់ អតិថិជនទេ យើងចង់បានតែការប្រាក់ពីការបញ្ចាំនោះប៉ុណ្ណោះ។ យើងព្យាយាមរកមធ្យោបាយឲ្យអតិថិជនមកលោះរបស់ទ្រព្យគាត់ទៅវិញ។ ក្នុងមួយឆ្នាំ ទ្រព្យដែលនៅអតិថិជនមិនមកលោះនោះមានមិនលើសពី ៥ ភាគរយទេ។ ក្នុងករណីដែលគាត់មិនមកលោះយើងរកអតិថិជនមកទិញទ្រព្យរបស់គាត់ ទៀត។ ឧទាហរណ៍ថា គាត់បញ្ចាំឡាន យើងទៅរកអ្នកមកទិញឡានគាត់ឲ្យគាត់បានចំណេញ ហើយយើងយកតែលុយថ្លៃបញ្ចាំយើងមកវិញទេ។ អត្រាដែលមិនមានលទ្ធភាពសង គឺមិនលើសពីក្រោម ៥ ភាគរយនោះទេ។
មានទស្សនៈច្រើនដែលលើកឡើងថា ការកើតនៃហាងបញ្ចាំច្រើនបង្កបញ្ហា និងភាពអសន្តិសុខក្នុងសង្គម តើលោកយល់យ៉ាងណាដែរ?
ការកើនឡើងនៃហាងបញ្ចាំដែលមិនស្របច្បាប់ទេ ដែលបង្កភាពអសន្តិសុខកើតឡើងច្រើន ព្រោះ​គាត់​ជាអ្នក​ដែល​ទទួលបញ្ចាំ​ទ្រព្យ​ដោយមិនមាន​ឯកសារ​ច្បាស់លាស់។ ខ្ញុំថា ឲ្យតែយើង​អាចទប់ស្កាត់​ហាងបញ្ចាំ​ខុសច្បាប់​បាន គឺ​ចោរកម្ម​ក៏ប្រហែល​ជាថយចុះដែរ ព្រោះ​ចោរដែល​លួចបានហើយ​មិនមានកន្លែង​លក់ឬបញ្ចាំ​បាននោះ។ ខ្ញុំក៏​សំណូមពរ​ឲ្យអាជ្ញាធរ​ចុះបង្រាប​ហាងបញ្ចាំ​ដែលមិនស្របច្បាប់។
តើលោកមានផែនការបង្កើតជាសមាគមដើម្បីជំរុញវិស័យនេះឬទេ?
ការពិតសមាគមហាងបញ្ចាំមានហើយ ប៉ុន្តែនៅមានច្បាប់ និងគោលការណ៍ដែលយើងត្រូវការពិភាក្សាជាមួយសមាជិក។ សមាគមហាងបញ្ចាំត្រូវបានបង្កើតនៅពាក់កណ្តាល ឆ្នាំ២០១៣។ ពេលនេះយើងកំពុងអំពាវនាវឲ្យហាងបញ្ចាំដែលចាប់អារម្មណ៍មកដាក់ ពាក្យនៅក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ។ យើងបានច្បាប់បង្កើតសមាគម យើងបានហើយពីក្រសួងសេដ្ឋកិច្ច។ អ្នកដែលមិនស្របច្បាប់មកជាស្របច្បាប់ ហើយផ្តល់ចំណេះដឹងដល់អ្នករកស៊ីនៅក្នុងវិស័យបញ្ចាំនេះ ឲ្យយល់ដឹងពីរបៀបគ្រប់គ្រងហានិភ័យក្នុងមុខជំនួញនេះ។ មិនមែនមានលុយសុទ្ធតែអាចបើកមុខជំនួញនេះបានទេ។
គោលបំណងនៃការបង្កើតសមាគមនេះដើម្បីឲ្យអ្នកនៅក្នុងវិស័យនេះ មានសំឡេងតែមួយ។ យើងចង់ចងក្រងដើម្បីការពារអ្នកដែលនៅក្នុងវិស័យនេះតាមរយៈការ ចែកចាយព័ត៌មានរវាងគ្នានិងគ្នា ចៀសវាងការទទួលផលចោរកម្ម ឬទទួលវត្ថុបញ្ចាំដែលមានឯកសារក្លែងក្លាយជាដើម៕